ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩

រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច លោក ណាអូអាគិ អ៊ិស៊ីកាវ៉ា នាយកប្រតិបត្តិទូទៅ បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ កម្មវិធីនេះ បានរៀបចំធ្វើឡើង ក្នុងគោលបំណងដើម្បីចូលរួមរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
​​​​​​​
ម្យ៉ាងទៀត ទិវានេះក៏ដើម្បីជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនច្បាប់កំណត់ ការវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន ការដឹកលើសទម្ងន់កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

លោក ណាអូអាគិ អ៊ិស៊ីកាវ៉ា នាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានថ្លែងឡើងថា គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករលាក់មុខ ដែលបណ្តាលឲ្យមានការរងរបួស ស្លាប់ និងពិការភាព ថែមទាំងបន្សល់ទុកនូវសោកនាដកម្ម ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ លោកបានបន្ថែមទៀតថា សុវត្ថិភាពក្នុងការបើកបរនៅលើដងផ្លូវ គឺជាទំនួលខុសត្រូវរួមគ្នា និងជាកត្តាប្រឈមមួយ ដែលតម្រូវឲ្យមានការសហការពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធក្នុងសង្គម។

ដូច្នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានបង្កើតសាលាបង្រៀនបើកទោចក្រយានយន្តចាប់តាំងពីឆ្នាំ ២០០៨ ដើម្បីផ្តល់នូវការអប់រំផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងជំនាញសុវត្ថិភាពក្នុងការបើកបរទោចក្រយានយន្តដោយឥតគិតថ្លៃ តាមរយៈដៃគូរអាជីវកម្មរបស់ខ្លួនទូទាំងប្រទេស ទៅដល់ស្ថាប័នផ្សេងៗ ដូចជា ស្ថាប័ន អប់រំ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជននានា នៅទូទាំងរាជធានី ខេត្ត ក្រុង។

បន្ថែមពីលើនេះ ចាប់តាំងពីឆ្នាំ ២០២៣ មក យើងក៏បានបំពាក់ នូវម៉ាស៊ីនបង្រៀនបើកបរ ចំនួន ១៨ គ្រឿងចប់ជាស្ថាពរ ហើយបាននឹងកំពុងបន្តបំពាក់ នូវម៉ាស៊ីនបង្រៀនបើកបរនេះបន្ថែមទៀត នៅតាមបណ្តាដៃគូរអាជីវកម្មរបស់ខ្លួនទូទាំងប្រទេស។

​​​​​​​ក្នុងឪកាសនោះដែរ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានផ្តល់អំណោយមួកសុវត្ថិភាព ចំនួន ១,៥០០ មួក ដល់គណៈកម្មា-ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជានិមិត្តរូបនៃការប្តេចជ្ញាចិត្ត ក្នុងការចូលរួមសុវត្ថិភាពចរាចរណ៍ និងការគាំពារសង្គ្រោះជិវិត។

​​​​​​​ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អិន ស៊ី អិច ក៏នៅតែបន្តបេសកម្ម ក្នុងការយកចិត្តទុកដាក់ ការលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ដែលទាមទារនូវការខិតខំព្យាយាម និងការអប់រំផ្សព្វផ្សាយប្រកបដោយនិរន្តរភាព។



Share on Social