
ក្រុមហ៊ុន ហុងដា អិនស៊ីអិច (HONDA NCX) បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជូនដល់បងប្អូនជនភៀសសឹក ចំនួន ៣,៧៨៥ គ្រួសារ ស្មើរនឹង១១,៣៥៥ នាក់ ក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី18 ខែធ្នូ ឆ្នាំ2025 ថ្នាក់ដឹកនាំនៃក្រុមហ៊ុនហុងដា អិន ស៊ី អិច (Honda NCX) បានចាត់តំណាង រួមទាំងបុគ្គលិក កម្មករ និងក្រុមការងារនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជាលើកទីពីរ ដែលជាសកម្មភាពផ្តល់ជំនួយជូនដល់បងប្អូនប្រជាជនកម្ពុជា ចំនួន ៣ ៧៨៥គ្រួសារ (១១ ៣៥៥ នាក់) ដែលជាជនភៀសសឹក កំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាពសិ្ថតនៅក្នុងខេត្តសៀមរាប ។



កម្មវិធីផ្តល់ជំនួយនេះ មានគោលបំណងចូលរួមកាត់បន្ថយការលំបាក និងផ្តល់អំណោយបឋមដល់គ្រួសារជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។ លើសពីនេះទៀត ក្រុមហ៊ុនហុងដា អិនស៊ីអិច (Honda NCX) បានផ្តល់សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ រួមជាមួយទឹកប្រាក់ ដើម្បីជួយបន្ថយបន្ទុក ជាពិសេសជួយគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនភៀកសឹក។
លោក ណាអូអាគិ អ៊ិស្សិកាវ៉ា (Mr. Naoaki Ishikawa) តំណាងក្រុមហ៊ុន Honda NCX បានលើកឡើងនៅក្នុងកម្មវិធីនេះថា៖ “ពួកយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថាភាពលំបាកដែលបងប្អូនជួបប្រទះនាពេលនេះ ប្រាកដជាអាចបញ្ចប់នៅថ្ងៃណាមួយមិនខាន ។ ពួកយើងជាបុគ្គលិក កម្មករនៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច នឹងបន្តផ្តល់ការឩបត្ថម្ភគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបាន រហូតដល់បងប្អូនទាំងអស់គ្នាបានវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ។”







កម្មវិធីជំនួយនេះ មានការចូលរួមយ៉ាងសកម្មពីបុគ្គលិក កម្មករក្រុមហ៊ុន Honda NCX និងសាខាលក់ម៉ូតូ Hondaទាំងអស់ ដែលនេះបង្ហាញពីគុណតម្លៃរួមរបស់ក្រុមហ៊ុន និងសាខាលក់ម៉ូតូ Honda ពិសេសស្មារតីយកចិត្តទុកដាក់ សាមគ្គីភាព និងការរួមចំណែកក្នុងកិច្ចការសង្គមដែលមិនអាចខ្វះបាន។


ថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច Honda NCX បេ្ដជ្ញាបន្តចូលរួម និងរួមសុខទុក្ខជាមួយបងប្អូនប្រជាជនកម្ពុជា និងសូមជូនពរ សូមប្រកបតែសុខភាពល្អ កម្លាំងមាំមួន សុភមង្គលជួបជុំគ្រួសារ និងមានសុខសុវតិ្ថភាព។
