

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា។ ចាប់ផ្តើមពីឆ្នាំ 1992 ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែសង្វាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីក្រុងភ្នំពេញក្នុងឆ្នាំ 1999។ សង្វាក់ផលិតកម្មខ្នាតតូចនេះហើយគឺជាការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន អិន ស៊ី អិចពីការនាំចូល មកជាការដំឡើងម៉ូតូដោយខ្លួនឯងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD)។ ក្នុងឆ្នាំ 2004 ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួនជាមួយនឹងខ្សែសង្វាក់ផលិតកម្មធំជាងមុន ដោយការបង្កើនសមត្ថភាពផលិតទាំងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD) និងពាក់កណ្តាលសម្រេច១ (IKD1) ។ បច្ចុប្បន្ននេះ អិន ស៊ី អិច មិនត្រឹមតែមានសមត្ថភាពក្នុងការតំឡើងម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ផ្តើមផលិតគ្រឿងបំណែកម៉ូតូសំខាន់ៗក្រោមប្រព័ន្ធកម្រិតខ្ពស់ (IKD2) ផងដែរ។ ការរីកដុះដាលនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតឲ្យមានការងារ ដោយខណៈនេះ ក្រុមហ៊ុនបានផ្តល់ការងារដល់កម្មករនិយោជិតក្នុងស្រុកជាង 1,300 នាក់។ ដោយមានតំណាងចែកចាយ តំណាងចែកចាយរង និងតំណាងចែកចាយខ្នាតតូចទូទាំងប្រទេសកម្ពុជា ធ្វើអោយ អិន ស៊ី អិច បន្តមានឥទ្ធិពលឈានមុខគេនៅលើទីផ្សារ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូននូវ ម៉ូឌែល ហុងដា (Honda) ជាច្រើនជម្រើសដូចជាHonda DREAM, Honda WAVE110, Honda BeAT, Honda ZOOMER-X, Honda SCOOPY CLUB12, Honda SCOOPY PRESTIGE, Honda CLICK125, Honda CLICK160, Honda GIORNO+, Honda PCX, Honda ADV160, Honda MSX GROM, Honda CB150R, Honda WINNER R PREMIUM, Honda WINNER R SPORTY and Honda CBR150R។
លើសពីនេះទៀតពួកយើងពិតជាមានមោទកភាពណាស់ក្នុងការនាំចូលផលិតផលហុងដាជាច្រើនប្រភេទមកកាន់ប្រទេសកម្ពុជា ដែលរួមមានទាំងយានយន្តដែលមានកម្លាំងខ្លាំង និងម៉ាស៊ីនកសិកម្មដែលបច្ចេកវិទ្យាខ្ពស់ ហើយត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនយើងទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ២០២១ ពួកយើងបានចាប់ផ្តើមអាជីវកម្មរបស់យើងក្រោមគោលគំនិតថ្មីហៅថា "យើងតែមួយ-WE TOGETHER"។ គោលគំនិតថ្មីនេះគឺការប្តេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាដៃគូដ៏ជិតស្និទ្ធក្នុងដំណើរជីវិតរបស់អ្នក ដោយជួយអ្នកឱ្យសម្រេចបាននូវក្តីប្រាថ្នាគ្រប់យ៉ាងតាំងពីយុវវ័យ រហូតដល់បស្ចិមវ័យ។ ពួកយើងនឹងនៅក្បែរអ្នកពីចំណុចចាប់ផ្តើម នាំអ្នកឆ្ពោះទៅរកគោលដៅ និងជួយឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត។ ចូលដល់ឆ្នាំ២០២២ យើងបានអនុម័តនូវចក្ខុវិស័យថ្មីមួយគឺ៖ "យើងឆ្ពោះទៅមុខជាមួយគ្នា-TOMORROW TOGETHER "។ ទស្សននេះគឺបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់ពួកយើង ដែលតែងតែនៅជាមួយអ្នកហើយនាំមកជូននូវបច្ចេកវិទ្យាកាន់តែទំនើបដើម្បីលើកកម្ពស់រចនាបថរស់នៅរបស់អ្នក និងជំរុញសង្គមជាតិឱ្យអភិវឌ្ឍឆ្ពោះទៅមុខ។ ពួកយើងនៅតែបន្តសម្រិតសម្រាំងយ៉ាងយកចិត្តទុកផ្តោតលើការជ្រើសរើសនូវបច្ចេកវិទ្យាហុងដាដែលទំនើបបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងហើយស្របទៅនឹងការអភិវឌ្ឍជាបន្តបន្ទាប់របស់កម្ពុជា។
យើងជឿជាក់យ៉ាងមុតមាំថាបច្ចេកវិទ្យាអាចធ្វើឱ្យពិភពលោកទាំងមូលរបស់យើងកាន់តែប្រសើរឡើង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកយើងបានឈានមុខគេក្នុងការនាំយកនូវបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីជួយសម្រួលនូវជីវភាពរស់នៅប្រចាំថ្ងៃ និងបំពេញដល់ភាពស៊ីវីល័យផងដែរ។ បច្ចេកវិទ្យាទាំងនេះរួមមាន៖ បច្ចេកវិទ្យាឆ្លាតវៃ ដែលបញ្ចូលគ្នានូវលក្ខណៈពិសេស បីយ៉ាងសម្រាប់កម្លាំងម៉ាស៊ីនដែលល្អឥតខ្ចោះ សន្សំសំចៃប្រេង មានសុវត្ថិភាព និងកាន់តែមានភាពរីករាយក្នុងការបើកបរ។ បច្ចេកវិទ្យា eSP+ ធានាបាននូវដំណើរការម៉ាស៊ីនដ៏ប្រសើរជាងមុន បង្កើនកម្លាំងម៉ាស៊ីន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ប្រព័ន្ធប៊ិចសាំង PGM-FI ជាបច្ចេកវិទ្យាកម្រិតស្តង់ដារពិភពលោករបស់ហុងដាពីប្រទេសជប៉ុន ធានាបាននូវដំណើរការដ៏ល្អឥតខ្ចោះ សន្សំសំចៃប្រេង និងការពារបរិស្ថាន។ Honda Sensing ដែលជាប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់របស់យើង ចូលរួមកាត់បន្ថយយ៉ាងច្រើននូវហានិភ័យដែលអាចកើតមានលើដងផ្លូវ ដោយធានាបាននូវបទពិសោធន៍នៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គុណតម្លៃនៃបច្ចេកវិទ្យារបស់ហុងដាមានលើសពីភាពរីកចម្រើន និងផាសុកភាព វាមិនត្រឹមតែលើកកម្ពស់ស្តង់ដារនៃការប្រើប្រាស់យានយន្តនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់បទដ្ឋានថ្មីនៃគុណភាព និងទំនុកចិត្តផងដែរ។ នៅពេលដែលយើងឈានចូលក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា បេសកកម្មរបស់យើងគឺដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃ និង គាំទ្រដល់អភិវឌ្ឍសង្គមកម្ពុជា។